សម្តេចតេជោ អញ្ជើញ ប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ៧៤៤ គ្រួសារ

សម្តេចតេជោ ប្រគល់ ប័ណ្ណកម្មសិទ្ធ ដល់ប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតី ក្នុងការប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លីស្ថាពរ ដល់ប្រជាពលរដ្ឋ ចំនួន៧៤៤គ្រួសារ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ អាទិត្យ ទី ០៧ ខែ តុលា ឆ្នាំ ២០១២ កន្លងទៅនេះ។

នេះជាលើកទី ៦ ហើយដែល សម្តេចតេជោ បានអញ្ជើញទៅចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពី ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ធ្វើការវាស់វែង ដីធ្លី ជូនប្រជាពលរដ្ឋ តាមតំបន់គោលដៅ នីមួយៗ។

ក្នុងឨកាសនោះ សម្តេចតេជោ បានកោតសរសើរ ចំពោះ ក្រុមយុវជនស្ម័គ្រចិត្ត មន្ត្រីជំនាញនៅវាល និង អជ្ញាធរមូលដ្ឋាន ដែលបានសហការគ្នាល្អ ក្នុងការបំពេញ ការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ។ ហើយ សម្តេចតេជោ ក៏អរគុណ ប្រជាជនមូលដ្ឋានទាំងអស់ ដែលបានសហការ ក៏ដូចជា ជួយមើលថែរក្សា ក្រុមយុវជននៅវាលផងដែរ។

យុវជនស្ម័គ្រចិត្ត ខេត្តបន្ទាយមានជ័យ

បន្ថែមលើនេះទៅទៀត សម្តេចតេជោ ក៏បានកោតសរសើរខ្ពស់ ចំពោះ អជ្ញាធរខេត្ត ក៏ដូចជា មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ដែលខិតខំប្រឹងប្រែង ទប់ស្កាត់ ដោះស្រាយ និងឆ្លើយតប បានទាន់ពេល ចំពោះ បញ្ហាទឹកជំនន់ និងជួយជម្លៀស ប្រជាពលរដ្ឋ ទៅកាន់តំបន់ មានសុវត្ថិភាព។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា តំបន់ នៅឃុំបន្ទាយឆ្មារនេះ គឺជាអតីត សមរភូមិ ដ៏ក្តៅគគុកមួយ ប៉ុន្តែឥឡូវនេះ បានប្រែមុខមាត់ខ្លួន ក្លាយជាតំបន់ មានសុវត្ថិភាព និងប្រកបដោយ ការអភិវឌ្ឍន៍។ សម្តេចតេជោ បាននិយាយថា នេះជាគោលការណ៍ របស់រដ្ឋាភិបាល ដែលត្រូវ កែប្រែ តំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់ អភិវឌ្ឍន៍។

ជាចុងបញ្ចប់នៃកម្មវិធី សម្តេចតេជោ បានឆ្លើយតប នឹងសំណើរ របស់ លោកគ្រូ ដែលជា នាយក វិទ្យាល័យបន្ទាយឆ្មារ ដោយសន្យា សាងសង់ អាគារសាលា បណ្ណាល័យ ដើម្បីឆ្លើយតប តំរូវការ របស់ សិស្សានុសិស្សទាំងអស់។ សម្តេចតេជោ ក៏បានផ្តល់ជាថវិការ ចំនួន២០០០ ដុល្លារ ភ្លាមៗ ដល់ លោកគ្រូនាយក ដើម្បីជួសជុល អាគារសាលាណា ដែលទ្រុឌទ្រោម។ ប្រជាពលរដ្ឋ អជ្ញាធរមូលដ្ឋាន ក៏ដូចជា យុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលមានវត្តមាន ក្នុងកម្មវិធី ប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លី នេះ ក៏បានទទួល អំណោយមួយចំនួន ពី សម្តេចតេជោ ផងដែរ។

 

 

មតិយោបល់របស់ប្រិយមិត្ត