សមិទ្ធិផល ស្ពានយុវជនតេជោអូពីរ លេចចេញជារូបរាង

September 28 2012, 0 មតិយោបល់

អត្ថបទ៖ វិទ្យុ និងទូរទស្សន៍ បាយ័ន

លោក ហ៊ុន ម៉ានិត ធ្វើដំណើរមក កាត់ខ្សែបូរ សម្ភោធស្ពាន

នៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១២ លោក ហ៊ុន ម៉ានិត អគ្គលេខាធិការរង អជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លី ប្រធាន ក្រុមការងារ សម្របសម្រួល យុវជនស្ម័គ្រចិត្ត សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដ៏ខ្ពង់ខ្ពស់ បានអញ្ជើញ ជាអធិបតី ក្នុងពិធី សម្ភោធ ដាក់ឲ្យប្រើប្រាស់ ស្ពានឈើមួយកន្លែង ដែលជាចំណងដៃយុវជនស្ម័គ្រចិត្ត និងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ។

ប្រធានក្រុម យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៨២ លោក សាខុន ប៉ូរិន បានរាយការណ៍ ពីសកម្មភាពវាស់វែងដី ជូនប្រជាពលរដ្ឋ សំរាប់ យុវជនស្ម័គ្រចិត្ត ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានចាប់ផ្តើម ចាប់ពីថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១២ ក្នុងគោលដៅ ផ្តល់កម្មសិទ្ធិដីធ្លី ដែលមានចំនួន ០៨ភូមិ ក្នុងឃុំពពកនេះ។ ឃុំនេះ មានភូមិសាស្ត្រ ជាប់ពីរខេត្ត គឺខេត្តសៀមរាប និងខេត្តព្រះវិហារ។ ចំពោះការងារ សង្គម ក្រុមរបស់លោក បានចូលរួមដូចជា ដាំកូនឈើ ជួយស្ត្រីទើបឆ្លងទន្លេរួច ០១នាក់ ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជាបឋម។ ពិសេសនោះ គឺបានកសាង ស្ពាន ដែលបាន សម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាក់ស្តែង នៅថ្ងៃនេះ។ លោក សាខុន ប៉ូរិន បានបន្ថែមទៀតថា ស្ពាននេះ កសាង ប្រើរយះពេល១ខែ មានប្រវ៉ែង៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ប្រើប្រាស់ឈើ អស់ចំនួន ៥០ម៉ែត្រគូប ហើយបានប្រសិទ្ធិនាមថា ស្ពានយុវជនតេជោអូពីរ។ លោក បានប្តេជ្ញា តាមអនុសាសន៍ របស់សម្តេច គោលនយោបាយចាស់ សកម្មភាពថ្មី វាស់មិនចប់ មិនដកថយ។

ស្ពានឈើ យុវជនតេជោអូពីរ

ស្ពានឈើមួយនេះ បានកើតឡើង ដោយការផ្តួចផ្តើម របស់យុវជនស្ម័គ្រចិត្ត រួមទាំងអជ្ញាធរ ស្ថាប័នមួយចំនួន ដោយមាន ការគាំទ្រពី លោក គង់ វិមាន អភិបាលរងខេត្ត ដោយបាន ជម្រុញឲ្យ ក្រុមនិស្សិត ធ្វើស្ពានឈើ ដើម្បីទុកជា អនុស្សាវរីយ៍  និងជាការសម្រួល ចរាចរ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំពពកនេះ ដោយបានប្រើប្រាស់ កំលាំងមនុស្ស ក្នុងការសាងសង់ ដោយដៃផ្ទាល់ ដោយបច្ចេកទេស ក្នុងការសាងសង់នេះ ត្រូវបានប្រើប្រាស់ វិធីច្នៃប្រឌិត បែបបុរាណ ចំណែក ពេលវេលា នៃការសាងសង់ស្ពាននេះ ក្រុមយុវជន បានប្រើប្រាស់ ពេលវេលាដ៏មានតម្លៃ ដែលជាថ្ងៃសំរាក និងចាប់ដៃគ្នា យ៉ាងស្អិតល្មួត ជាមួយ កំលាំងកងរាជអាវុធហត្ថ ស្រុកស្ទោង និងកំលាំង រាជអាវុធហត្ថខេត្ត ដោយមានការចង្អុល បង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ចាប់ផ្តើម កសាងចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១២ ក្នុងនោះ ក៏មាន ការចូលរួម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ខ្លះជួយជាឈើ ខ្លះជួយជាជំរ៉ឹង ខ្លះទៀតជួយជាកំលាំង ចំណែកឯ លោកតា លោកយាយ និងកុមារា កុមារី ខ្លះជួយសែងដី កាយដី បងៗមីងខ្លះ បានស្ម័គ្រចិត្ត ធ្វើម្ហូប ចំនុចនេះ បញ្ជាក់ពីការឯកភាព សាមគ្គី ជាកំលាំង គ្រប់ស្ថាប័ន ពាក់ព័ន្ធសម្រេច បានស្ពានឈើមួយខ្សែនេះ សាងសង់ រួចជាស្ថាពរ និងត្រូវបាន សម្ភោធ ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃនេះ។

លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា នេះជា សមិទ្ធិផលថ្មី ដែលផ្តួចផ្តើម ដោយយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៨២ ដែលបាន ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យ បងប្អូន ទទួលបានប្លង់ កម្មសិទ្ធិ កាន់កាប់។ ក្នុងនាម ជាប្រធាន ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ លោក សូមឲ្យយុវជននៅតែ បន្តសហការ បងប្អូនប្រជាពលរដ្ឋ អជ្ញាធរគ្រប់លំដាប់ សំរេច ការវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្ទោង យើងនេះ ឲ្យចប់សព្វគ្រប់ ជាងនេះ ទៅទៀត។ លោក ក៏បានសំណូមពរ ឲ្យបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ចូលរួម ចំណែក ថែរក្សា ទាំងអស់គ្នា។ លោក បានបន្ត ទៀតថា ក្រុមយុវជន ទាំងអស់ ត្រូវតែវាស់វែង ឲ្យចប់ ហើយបងប្អូនណា ដែលមិនទាន់បានវាស់វែង សូមកុំអស់សង្ឃឹម ហើយពេលទទួលបាន ប្លង់កាន់កាប់ ហើយ សូមមេត្តា កុំលក់ដូរ ត្រូវបន្ត បង្កបង្កើនផល បន្ថែមទៀត ជាទុន ក្នុងជីវភាព ប្រចាំថ្ងៃ។

លោក ហ៊ុន ម៉ានិត បានឧបត្ថម្ភ យុវជន ក្នុងខេត្ត មួយក្រុមៗ ទទួលបាន ថវិការ ៣០០ដុល្លារ។

មតិយោបល់របស់ប្រិយមិត្ត