ទង់សឥតន័យ

កថាមុខ

ប្រវត្តិនិទាន ដែលរៀបរៀងឡើងនេះ ជារឿងពិតរបស់នាងខ្ញុំ ក៏ដូចជា ការបើកបង្ហាញ ជីវិតពិត របស់ប្រជាពលរដ្ឋខ្មែរ ជាច្រើនម៉ឺន សែននាក់ទៀត ដែលមានរឿងរ៉ាវជូរចត់ ធ្ងន់ធ្ងរមិនអាចប៉ានស្មានបាន រហូតបាត់បង់ជីវិតទាំង ពូជ ទាំងគ្រួសារទាំងមូល។ ហើយសៀវភៅនេះ ក៏បានឆ្លុះបញ្ចាំងពីសច្ចភាព អតីតកាលរបស់សង្គមកម្ពុជា ដែលកាលណោះដែនដីសុវណ្ណភូមិទាំងមូល បានធ្លាក់ ទៅក្នុងកណ្តាប់ដៃជនអប្បលក្ខណ៍ ដោយយកសភាវគតិ ធ្វើជាមូលដ្ឋាន នយោបាយគ្រប់គ្រងនគរ ។

នៅពេលដំណើរការសរសេរ និងរៀបរៀងជាសៀវភៅនេះឡើង នាងខ្ញុំ បានខំប្រមូលស្មារតីជំនះពុះពារនូវអារម្មណ៍ ដែលពោរពេញដោយក្តីឈឺចាប់ ខ្លោចផ្សារ ឲ្យទៅជាការខិតខំប្រឹងប្រែងរៀបចំចងក្រងចេញជាឃ្លាប្រយោគ ទៅតាមការវិវត្តន៍ប្រែប្រួល តាមដំណាក់កាលនីមួយៗ ដែលរបបអមនុស្សធម៌ ប្រព្រឹត្តិឡើងក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទៅលើគ្រួសារខ្មែរទាំងមូល និងគ្រួសារនាងខ្ញុំ ដែលធ្លាប់តែរស់ជួបជុំមូលត្រកូលប្រកបដោយភាពសុខ ដុមរម្យនា ឲ្យនិរាសព្រាត់ប្រាស និងត្រូវកម្ទេចចោល ស្ទើរទាំងស្រុង ។

កុលបុត្រ-កុលធីតាកម្ពុជាទាំងឡាយអើយ មនុស្សកើតមកតែងមាន ការវិវត្តន៍ ប្រែប្រួលរីកចម្រើន និងវិនាសសាបសូន្យ ទៅតាមច្បាប់ធម្មជាតិ ច្បាប់ព្រះត្រៃល័ក្ខណ៍ “អនិច្ចំ ទុក្ខំ អន្តនា” ជាតិជរាព្យាធិ និងមរណៈក៏ពិតមែន តែមនុស្សរាប់សែនលាននាក់ មិនគួរត្រូវគេបង្ខំឲ្យស្លាប់ដោយអំពើអមនុស្ស ធម៌ដូចនេះឡើយ ។

យ៉ាងណាមិញ ឯកសារដែលនាងខ្ញុំបានរៀបរៀងនេះ ទុកជាពន្លឺដល់ កូនចៅជំនាន់ក្រោយៗឲ្យបានដឹងរឿងពិតជាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់ឮ មិនធ្លាប់ដឹង មិនធ្លាប់ឃើញ និងមិនគួរឲ្យជឿនេះ កុំគប្បីកើតមានដល់ដែនដី មាស ដែលជាមាតុភូមិ ដ៏គួរឲ្យ គោរពស្រឡាញ់ នៃយើងម្តងទៀតឡើយ ។

ហើយយើងទាំងអស់គ្នាសូមអង្វរកដល់ព្រះយមៈ ដែលជាស្តេចនៃ យមរាជ ជាអ្នកចាត់ចែងវាសនាមនុស្ស សូមព្រះអង្គ ជួយចាត់ចែងអ្នកដែល ស្លាប់ដោយអំពើអយុត្តិធម៌នេះ បានទៅកើតនៅទីសុគតិ និងសូមកុំឲ្យជន អប្បលក្ខណ៍ អគតិទាំងអស់នោះ មកកើតលើទឹកដីនេះសារជាថ្មីទៀត ។

ពួកយើងចងចាំជានិច្ច បំភ្លេចមិនបាន នូវគុណូបការៈរបស់រណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា “២ធ្នូ” ដែលបានជួយជីវិត ឲ្យយើងរស់រានបាន ដល់ថ្ងៃនេះ ។

សូមឲ្យជនកម្ពុជាគ្រប់រូប រស់នៅក្នុងមហាកុសលជានិច្ច ជានិរន្តរ៍ តរៀងទៅ ។

 

មតិយោបល់របស់ប្រិយមិត្ត