យុវជនស្ម័គ្រចិត្ត ខេត្តបន្ទាយមានជ័យ សហការគ្នាជួសជុល ស្ពានឈើ ជូនប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ក្រុមទី៤៧សេ ក្នុងជំហានទី២ ក្នុងយុទ្ធនាការ ចុះវាស់វែង ដីធ្លី ផ្តល់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសហការគ្នា សាងសាង់ ស្ពានឈើ តេជោ មួយខ្សែរ ជូនប្រជាពលរដ្ឋ។

ដោយយល់ឃើញថា ស្ពានឈើចាស់ មានសភាពទ្រុឌទ្រោមទៅហើយ អាចបង្កគ្រោះថា្នក់ ជាជាយថាហេតុ នៅពេលប្រជាពលរដ្ឋ ឆ្នងកាត់ ទៅស្រែចំការ របស់ពួកគាត់ ក្រុមយុវជនស្ម័គ្រចត្តិ សម្តេចតេជោ ក្រុមទី៤៧សេ បានពិភាក្សាផ្ទាល់ ជាមួយ អជ្ញាធរមូលដ្ឋាន ក្នុងគោលបំណង ផ្តួចផ្តើមគំនិត សាងសង់ ស្ពាននេះ សារជាថ្មី ដើម្បីបំរើ ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងភូមិសាស្ត្រនេះ។ សូមបញ្ជាក់ផងថា ស្ពានឈើមួយខ្សែនេះ បាននិងកំពុង បំរើឲ្យផលប្រយោជន៍ ប្រជាពលរដ្ឋ ចំនួន៤ភូមិ គឺភូមិតាយឹង ភូមិគំរូ ភូមិអណ្តូងក្នុង និងភូមិព្រៃវែង។

ការសាងសង់ ជួសជុល ស្ពាននេះឡើងវិញ ត្រូវបានចាប់ផ្តើម ធ្វើឡើង នៅថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំ ២០១៣ ដោយមានការចូលរួម ពីក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៤៧សេ និងក្រុមទី ៦១ និងអជ្ញាធរមូលដ្ឋាន ស្រុកពួក។

ស្ពានឈើ ដែលក្រុមយុវជនស្ម័គ្រចិត្ត បានសហការគ្នា ជួសជុល មានទទឹង ៣ម៉ែត្រ ប្រវែង ២៥ម៉ែត្រ បានចំណាយអស់ ថវិកា ចំនួន ៨០ម៉ឺនរៀល។ ក្នុងឨកាស ជួបជុំគ្នា ជួសជុល ស្ពានឈើនេះ យុវជនស្ម័គ្រចិត្ត ទាំងពីរក្រុម រួមទាំងអជ្ញាធរមូលដ្ឋាន និងប្រជាជន ដែលបានចូលរួម ក៏បានរៀបចំ ធ្វើម្ហូបអាហារ បរិភោគ ជាមួយគ្នា ដើម្បីបង្កើនភាពជិតស្និទ្ធផងដែរ។

 

សូម ចុចកន្លែងនេះ ដើម្បីចូលមើលរូបភាព បន្ថែម។

មតិយោបល់របស់ប្រិយមិត្ត