វិចារណកថា៖ សម្តី លោក កឹម សុខា ជាការក្បត់ប្រវត្តិសាស្ត្រ មនុស្សជាតិ

អត្ថបទដោយ៖ រុងរឿង

ការយល់ឃើញ របស់ លោក កឹម សុខា លើអត្ថិភាព របស់ មន្ទីរសន្តិសុខ ស-២១ រឺគុកទួលស្លែង របស់ខ្មែរក្រហម គឺជាភាពអាម៉ាស់ បំផុត សម្រាប់គណបក្សសង្គ្រោះជាតិ ដែលមានថ្នាក់ដឹកនាំ វង្វេងប្រវត្តិសាស្ត្រ បែបនេះ។

សូម ចុចកន្លែងនេះ ដើម្បីចូលទៅស្តាប់ សំដីរបស់ លោក កឹម សុខា ដែលថាគុកទួលស្លែង ជាគុកសប្បនិម្មិត។

ទិដ្ឋភាពគុកទួលស្លែង ក្រោយថ្ងៃរំដោះ (រូបភាពឯកសារ ដកយកពីអ៊ិនធើណេត)

អត្ថបទសារព័ត៌មាន របស់កាសែត ខែមបូឌាដេលី (Cambodia Daily) ចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៣ ស្តីអំពីករណី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាននិយាយថា គុកទួលស្លែង របស់ខ្មែរក្រហម គឺជាគុកសប្បនិម្មិត រឺជាឆាកល្ខោន ដែលរៀបចំឡើងដោយ កងទ័ពវៀតណាម បានស្តែងចេញយ៉ាងច្បាស់ ពីការមើលងាយដួងព្រលឹង ជនរងគ្រោះ នៃរបបខ្មែរក្រហម ជាពិសេសជនរងគ្រោះ ដោយសារទារុណកម្ម និងការកាប់សម្លាប់ ក្នុងគុកទួលស្លែងនេះតែម្តង។

ការបកស្រាយបែបនេះ របស់ លោក កឹម សុខា មិនត្រឹមតែជាការបកស្រាយ បំភ្លៃប្រវត្តិសាស្ត្រ របស់មនុស្សជាតិ ទាំងមូលនោះទេ វាជាការបកស្រាយ ក្បត់ប្រជាជនកម្ពុជា រាប់លាននាក់ ដែលបានឆ្លងកាត់ និងបាត់បង់ជីវិត ក្នុងរបបខ្មែរក្រហម ផងដែរ។

ទោះជាមានការតវ៉ា ពីសំណាក់ សមាគមន៍ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឲ្យ លោក កឹម សុខា ធ្វើការសុំទោសជាសាធារណៈ យ៉ាងណាក៏ដោយ ក៏មិនទាន់ឃើញមានការឆ្លើយតប យ៉ាងសមរម្យ សំរាប់ការទាមទារ របស់ជនរងគ្រោះទាំងអស់នោះដែរ។ ផ្ទុយទៅវិញ បើតាម ការដកស្រង់សំដី ដែលកាសែត ខែមបូឌាដែលី បានយកពីបទសម្ភាស  រវាងវិទ្យុអាស៊ីសេរី និងលោក កឹម សុខា បានឲ្យដឹងថា លោក កឹម សុខា បានថា នេះជាអ្វីដែល លោក បានសិក្សាពីប្រវត្តិសាស្ត្រ។ សំនួរសួរថា តើប្រវត្តិសាស្ត្រ មួយណា ដែល លោក បានរៀន ហើយប្រាប់ថា គុកទួលស្លែង គឺគ្រាន់តែជា ឆាកដែលគេរៀបចំ?

អ្នកដែលមានជិវិតរស់ ពីគុកទួលស្លែង មាន លោក វ៉ាន់ ណាត ឈរកណ្តាលគេ (រូបភាពឯកសារ ដកចេញពីអ៊ីនធើណេត)

សៀវភៅប្រវត្តិសាស្ត្រ ដែលមានកំរ៉ាស់ក្រាស់ៗ ដែលសរសេរ ទាំងដោយ អ្នកនិពន្ធជាតិ និងអន្តរជាតិ ស្តីពីរបបខ្មែរក្រហម តែងតែលើកយកករណី មន្ទីរសន្តិសុខ ស-២១ មកបរិយាយ ពីភាពឃោរឃៅ ដែលខ្មែរក្រហម បានប្រព្រឹត្ត មកលើប្រជាជនខ្មែរទូទៅ និងជាពិសេស កម្មាភិបាលខ្មែរក្រហមផ្សេងៗ ដែលអង្គការបានចោទថា ក្បត់ទង់និងមាគាបដិវត្តន៍ របស់ពួកគេ។ សៀវភៅ ដែលមានចំណងជើងថា “នៅពេលសង្គ្រាមចប់” (When the War Was Over) របស់ លោកស្រី អេលីហ្សាបេត បេកគើ (Elizabeth Becker) បាននិយាយជាច្រើនលើច្រើនសារ ពីតួនាទី របស់គុកទួលស្លែង ក្នុងការងារសន្តិសុខ និងជាម៉ាស៊ីនកាប់សំលាប់ របស់ខ្មែរក្រហម ចាប់តាំងពីពួកគេ ឡើងកាន់អំណាចមក។ សៀវភៅ មួយទៀត ដែលមាន ចំណងជើងថា “មួយឆ្នាំក្នុងមន្ទីស-២១របស់ខ្មែរក្រហម” (One Year in the Khmer Rouge’s S-21) បានព៌ណនា ពីជីវិតដ៏ជូចត់ របស់ លោក វ៉ាន់ ណាត ដែលបានរស់នៅក្នុង មន្ទីរដ៏ពោពេញទៅដោយភាពភ័យខ្លាចនេះ អស់រយះពេល ជាងមួយឆ្នាំ រហូតដល់ថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ បើដូច្នេះ តើ លោក កឹម សុខា នឹងចោទប្រកាន់ថា ព័ត៌មាន ក្នុងសំណេរ និពន្ធ របស់ លោកស្រី អេលីហ្សាបេត បេកគើ និងដំណើររឿងជីវិត របស់ លោក វ៉ាន់ ណាត សុទ្ធតែជារឿងប្រឌិត ដែររឺយ៉ាងណា? នេះបើមិននិយាយ ដល់អ្នកនិពន្ធដ៏ទៃ ជាច្រើនទៀត ដែលសុទ្ធតែ មានការឯកភាពគ្នា ទៅលើ អត្ថិភាព និងភាពឃោរឃៅ របស់គុកទួលស្លែង។ តើនេះ នឹងមិនមែន ជាការប្រមាថ ដ៏ធំចំពោះ សព លោក វ៉ាន់ ណាត ដោយគ្មានការអៀនខ្មាស់ នោះទេរឺ?

លោក កាំង ហ្កេកអ៊ាវ ហៅឌុច ដែលជាអតីតប្រធានគុកទួលស្លែង ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារ មួយជីវិត ដោយសាលាក្តីខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ  ក្នុងតួនាទីដែល លោក បានគ្រប់គ្រង ប្រតិបត្តិការ របស់ មន្ទីរនេះ ក្នុងរបបខ្មែរក្រហម ដូច្នេះ ជំហរ របស់ លោក កឹម សុខា ដែលថា គុកទួលស្លែង គឺជាឆាករៀបចំ មិនពិតជាចង់ការពារ លោក កាំង ហ្កេកអ៊ាវ ទៅវិញទេ រឺយ៉ាងណា?

ការប្រើប្រាស់ នយោបាយ រើសអើងពូជសាសន៍ ដើម្បីចំណេញផ្លូវនយោបាយ មិនមែនជារឿងថ្មី នោះទេ ដែលគណបក្សប្រឆាំង តែងតែប្រើប្រាស់ តាមរយះការផ្សារភ្ជាប់ វត្តមានកងទ័ព វៀតណាម កាលពីមុន ក្នុងកិច្ចការនយោយបាយ កម្ពុជាបច្ចុប្បន្ន តែការលើកឡើង របស់ លោក កឹម សុខា ក្នុងពេលថ្មីៗនេះថា គុកទួលស្លែង ជាគុកសប្បនិម្មិត រៀបចំដោយ កងទ័ពវៀតណាម នោះ ពិតជាមិនត្រឹមតែ ជាការបំភ្លៃ ប្រវត្តិសាស្ត្រ ដោយគ្មានការអៀនខ្មាស់ នោះទេ ប៉ុន្តែថែមទាំង ជាការញុះញុង ឲ្យមានការស្អប់ខ្ពើម រើសអើងពូជសាសន៍ រវាងប្រជាជាតិជិតខាងផងដែរ។

ខ្នោះជើង និងរូបភាពគំនរឆ្អឹងជនរងគ្រោះ នេះជាឆាករៀបចំរឺ? (រុបភាពឯកសារ ដកចេញពីអ៊ីនធើណេត)

ក្នុងនាមជាថ្នាក់ដឹកនាំ គណបក្សប្រឆាំង ដែលតែងតែសន្យាបែបខ្យល់ ដឹកនាំប្រទេស ទៅកាន់ភាពរីកចំរើនជាងមុន បើសិនជាពួកគេ ជាប់ឆ្នោត តើ លោក កឹម សុខា និងគណបក្សរបស់ លោក ពិតជាមានសមត្ថភាព គ្រប់គ្រាន់ដែររឺទេ បើសិនជា យុទ្ធសាស្ត្រ នយោបាយ របស់បក្សលោក មានតែការបញ្ឆេះ ចាក់រុក ឲ្យមានការើសអើងពូជសាសន៍ តាមរយះ សំដីបំភាន់ ប្រវត្តិសាស្ត្រ ខណៈ ប្រទេសដ៏ទៃៗទៀតក្នុងតំបន់ ចាប់ផ្តើមនិយាយពីការ រួបរួមគ្នា រវាងប្រជាជាតិអាស៊ាអាគ្នេយ៍នោះ?

ឈរលើជំហរ វង្វេងប្រវត្តិសាស្ត្របែបនេះសំនួរសួរថាតើ លោក កឹម សុខា នៅតែសាកសមធ្វើជាតំណាងរាស្ត្រ របស់ប្រជាពលរដ្ឋខ្មែរ ទៀតរឺទេ?

 

 

មតិយោបល់របស់ប្រិយមិត្ត