លោក ហ៊ុន ម៉ានិត ដឹកនាំក្រុមការងារ ចូលរួម ពិធីបុណ្យ៧ថ្ងៃ របស់ យុវជន​ សន ភាស់

តាកែវ៖ លោក ហ៊ុន ម៉ានិត ប្រធានក្រុម អ្នកសម្របសម្រួល យុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី នឹងដឹកនាំ ក្រុមការងារ ទៅចូលរួម ពិធីបុណ្យគំរប់៧ថ្ងៃ នៃការធ្វើមរណកាល របស់ យុវជនស្ម័គ្រចិត្ត សន ភាស់ នៅខេត្តតាកែវ នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៣។

យុវជនស្ម័គ្រចិត្ត សន ភាស់ បានទទួល មរណភាព ដោយជម្ងឺសួតរ៉ាំរ៉ៃ នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០១៣។

ការបាត់បង់ លោក សន ភាស់ គឺជាការបាត់បង់ យុវជនស្ម័គ្រចិត្ត ដ៏ឆ្នើមមួយរូប ព្រោះថា ចាប់តាំងពី លោក បានចូលបម្រើការងារ ជាយុវជនស្ម័គ្រចិត្ត ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១២ រហូតមក លោក តែងតែយកចិត្តទុកដាក់ បំពេញការងារ ប្រកបដោយ ភាពស្វាហាប់ មានឆន្ទះ និងការទទួលខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែង បំពេញការងារ ដោយមិនខ្លាច ភាពនឿយហត់ឡើយ។

ជាហេតុ ថ្នាក់ដឹកនាំ និងក្រុមការងារ ទាំងអស់ សុទ្ធតែបានយកចិត្តទុកដាក់ ខ្នះខ្នែង ជួយជ្រោមជ្រែង គ្រប់មធ្យោបាយ ដែលអាចធ្វើបាន សំដៅធ្វើយ៉ាងណា ឲ្យពិធីបុណ្យសព របស់ លោក សន ភាស់ ប្រព្រឹត្តទៅ ដោយមិនមានបញ្ហាអ្វីនោះឡើយ និងមិនឲ្យក្រុមគ្រួសារ លោក ដែលកំពុងស្ថិត ក្នុងភាពក្រៀមក្រំ មានកង្វល់ បន្ថែមនោះឡើយ។

លោក ហ៊ុន ម៉ានិត បានយកចិត្តទុកដាក់ខ្ពស់ តាមដាន និងសម្របសម្រួល ពិធីបុណ្យ ឲ្យដំណើរការទៅសាកសម នឹងវិរភាព និងការលះបង់ របស់ លោក សន ភាស់ ក្នុងការចូលរួម កសាងជាតិ តាមរយះ ការចូលរួម ស្ម័គ្រចិត្ត បំពេញការងារ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដែលជាបេសកកម្ម ប្រវត្តិសាស្ត្រមួយ ក្នុងវិស័យដីធ្លី ក្នុងប្រទេសកម្ពុជា ដែលជាការផ្តួចផ្តើម គំនិត របស់ សម្តេចតេជោ ហ៊ុន សែន។

ឲ្យសាកសម នឹងកិត្តិគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរ ទៅចូលរួមពិធីបុណ្យសព របស់ លោក សន ភាស់ និងសាកសួរ លើកទឹកចិត្ត ក្រុមគ្រួសារ របស់ លោក សន ភាស់ ដែលកំពុងមាន ទុកជាទំងន់ ផងដែរ។

លោក ហ៊ុន ម៉ានិត ក៏នឹងបន្តដឹកនាំក្រុមការងារ ទាំងអស់ ចូលរួម និងចែករំលែក ទុក្ខសោក ដែលក្រុមគ្រួសារ របស់ លោក សន ភាស់ កំពុងជួបប្រទះ។

នេះជាការបាត់បង់ដ៏ធំ មួយនៃធនធាន មនុស្ស កម្ពុជា ដែលមានឆន្ទះខ្ពស់ ក្នុងការចូលរួមបំរើមាតុភូមិ។ ប៉ុន្តែកុលបុត្រខ្មែរ សង្ឃឹមថា ការបាត់បង់ យុវជនម្នាក់ ដែលជាកំលាំង យ៉ាងសកម្ម ក្នុងការបំពេញ បេសកកម្ម វាស់វែងដីធ្លី នេះ នឹងធ្វើឲ្យយុវជន គ្រប់រូបដ៏ទៃ ទៀត កាន់តែមានសុឆន្ទះខ្ពស់ ក្នុងការបន្តបំពេញ ភារកិច្ច ឲ្យមានប្រសិទ្ធិខ្ពស់ សំដៅសំរេចគោលដៅ ១០០ភាគរយ ដោយហេតុ យើងទាំងអស់គ្នា ត្រូវចងចាំថា យុវជន សន ភាស់ បានចូលរួម ក្នុងបេសកកម្ម នេះ ដោយហេតុថា លោក ក៏ពិតជាចង់ឃើញ បេសសកម្មនេះ ទទួលបានជោគជ័យ ដល់ត្រើយផងដែរ។

សូមកុលបុត្រខ្មែរ និងយុវជនស្ម័គ្រចិត្ត គ្រប់រូប សង្រួមចិត្ត រក្សាភាពស្ងៀមស្ងាត់ រំលឹកដល់ វិញ្ញាណក្ខន្ធ សពយុវជនស្ម័គ្រចិត្ត សន ភាស់។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត