វិចារណកថា៖ ភ្នំពេញ ១៧ មេសា អតីតកាល និងបច្ចុប្បន្ន

អត្ថបទដោយ៖ រុងរឿង

យោធាខ្មែរក្រហម ចូលក្រុងភ្នំពេញ ថ្ងៃ ១៧មេសា១៩៧៥ (រូបភាពឯកសារ)

មកដល់ថ្ងៃទី ១៧ មេសា ឆ្នាំ ២០១៣ នេះ តាមបណ្តោយមហាវិថី និងផ្លូវលំនាៗ នាទីក្រុងភ្នំពេញ នៅតែមានសភាព ស្ងប់ស្ងាត់ ខុសពីសព្វមួយដង។

ទោះជាយ៉ាងណា ភាពស្ងប់ស្ងាត់ នៅតាមបណ្តាវិថី ទាំងឡាយ ក្នុងទីក្រុងភ្នំពេញ បច្ចុប្បន្ន មានអត្ថន័យ ខុសស្រលះ ពីភាពស្ងប់ស្ងាត់ ដែលបានកើតឡើង ក្នុងថ្ងៃទី ១៧ មេសា កាលពី ជាង៣០ឆ្នាំមុន។

ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា គ្រប់រូបចាំមិនភ្លេចនោះឡើយ នៅពេល ដែលកងទ័ពឈុតខ្មៅ របស់ខ្មែរក្រហម បានយកជ័យជំនះ លើកងទ័ពសាធារណរដ្ឋ ដែលដឹកនាំ ដោយសេនាប្រមុខ លន់ នល់ ដែលអំណាច របស់លោក បានមកតាមរយះ ការធ្វើរដ្ឋប្រហារយោធា ទំលាក់ សម្តេច នរោត្តម សីហនុ កាលពីប្រាំឆ្នាំមុន។

យោធាខ្មែរក្រហម បណ្តេញអ្នកភ្នំពេញ ចេញពីលំនៅដ្ចាន (រូបភាពឯកសារ)

កងទ័ពខ្មែរក្រហម ដែលភាគច្រើនសុទ្ធតែ ជាកុមារមិនទាន់គ្រប់អាយុផងនោះ បានដើរជាក្បួន តំរង់ចូលទីក្រុងភ្នំពេញ ពីគ្រប់ទិស ហើយមិនយូរប៉ុន្មាន បានចាប់ផ្តើមអនុវត្ត យុទ្ធនាការ ជម្លៀស អ្នកទីក្រុងភ្នំពេញ ដោយចុងអាវុធ ឲ្យចាកចេញពីគេហដ្ឋាន របស់ពួកគេ ទៅកាន់តំបន់ជនបទ។

ក្តីសង្ឃឹម និងភាពរីករាយ ក្នុងការទទួលបានសន្តិភាព ក្នុងថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ត្រូវបាន ផុតរលត់ទាំងស្រុង ខណៈយោធាខ្មែរក្រហម បានកំពុងប្រែក្លាយទីក្រុងភ្នំពេញ ទាំងមូល ឲ្យទៅជាទីក្រុងខ្មោច និងបានចាប់ផ្តើម ធ្វើការសំលាប់ បញ្ញាវ័ន្ត មន្ត្រីរាជការ និងជាពិសេស យោធា ដែលបំរើការក្នុងរបបសាធារណរដ្ឋ។

ទីក្រុងភ្នំពេញ ដែលបានក្លាយជាទីរហស្ថាន (រូបភាពឯកសារ)

តាមរយះសំណេរប្រវត្តិសាស្ត្រ អំពីរបបខ្មែរក្រហម ជាច្រើន ដែលបានសរសេរ ដោយអ្នកនិពន្ធ ទាំងជាតិនិងអន្តរជាតិ បានព័ណ៌នាយ៉ាងច្បាស់ និងដូចៗគ្នា អំពីបរិយាកាសដ៏អាប់អួរ រន្ធត់ និងសោកសៅ និងអំពើហិង្សា អមនុស្សធម៌ ការលួចប្លន់ និងកាប់សម្លាប់ ដែលខ្មែរក្រហម បានប្រព្រឹត្ត មកលើប្រជាពលរដ្ឋ ក្នុងពេលធ្វើការជម្លៀស អ្នកទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ នោះមក។

១៧ មេសា កាលពី៣៨ឆ្នាំមុន គឺជាការចាប់ផ្តើមនូវអ្វី ដែលពួកអតីតមេដឹកខ្មែរក្រហម បានហៅថា ឆ្នាំសូន្យ និងជាការចាប់ផ្តើម នៃការសម្លាប់រង្គាល បង្អត់អាហារ បង្ខំប្រជាជនខ្មែរ ឲ្យធ្វើការហួសកំលាំង រហូតបាត់បង់ជីវិត ជិតពីរលាននាក់។

មហាវិថីព្រះមុនីវង្ស ក្នុងក្រុងភ្នំពេញ (រូបភាពដកស្រង់ពីអ៊ិនធើណេត)

១៧ មេសា ឆ្នាំ ២០១៣ ទីក្រុងភ្នំពេញ ហាក់មានសភាពស្ងាត់ជ្រងុំ បើប្រៀបធៀបនឹងពេល សព្វមួយដង ប៉ុន្តែមិនមែន ដោយការជម្លៀសអ្វីនោះទៀតឡើយ។ ភាពស្ងប់ស្ងាត់ មានឡើងនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែ ស្នូរសំឡេងសើចក្អាកក្អាយ បន្លឺពីភាពរីករាយ នៃការជួបជុំគ្រួសារ បងប្អូន ញាតិមិត្តជិតឆ្ងាយ សំឡេងតន្ត្រីសម័យ និងប្រជាប្រិយ ដែលប្រគុំនៅតាមវត្តអារាម ដើម្បីអបអរ ការប្រារព្ធ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ដែលមានរយះពេលបីថ្ងៃមកហើយ បានកំពុងមានឡើង នៅតាមខេត្តនានា ដែលជាភូមិកំណើត របស់អ្នកទីក្រុងភ្នំពេញ។

ភ្នំពេញបច្ចុប្បន្ន (រូបភាពដកស្រង់ពីអ៊ិនធើណេត)

ប្រជាជនគ្រប់មជ្ឈដ្ឋាន អាចធ្វើដំណើរ ទៅគ្រប់ទិសទី ដោយសេរី ជុំវិញប្រទេសកម្ពុជា ដើម្បីជួបជុំ ញាតិមិត្ត និងដើម្បីទស្សនា តបន់ទេសចរណ៍ គ្រប់កន្លែង ដែលពីមុនមិនអាចទៅដល់ ដោយហេតុ បច្ចុប្បន្ន ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ក្នុងស្រុក ត្រូវបានកសាង និងស្តារឡើងវិញ គ្រប់តំបន់ទាំងអស់ក្នុងប្រទេស។

ចំណែក ប្រជាពលរដ្ឋ មួយចំនួន ដែលមិនបានចាកចេញ ទៅទស្សនា តបន់ទេសចរណ៍ នៅតាមខេត្តនានា នៃប្រទេសកម្ពុជា ក៏កំពុង ចំណាយពេលសំរាក យ៉ាងសុខស្រួល ក្សេមក្សាន្ត រំសាយភាពតានតឹង ពីការងារ នៅក្នុងគេហដ្ឋាន ជាមួយគ្រួសារ កូនចៅ របស់ពួកគេ ដោយមិនមានការភ័យខ្លាច និងព្រួយបារម្ភ ពីអសុវត្ថិភាពណាមួយ រឺការរំខាន នៃពួកយោធាឈុតខ្មៅ អ្វីនោះឡើយ។

ក្រុមរបាំប្រជាប្រិយកម្ពុជា (រូបភាពដកស្រង់ពីអ៊ិនធើណេត)

ស្នាមញញឹម ភាពរីករាយ សំណើចក្អាកក្អាយ ដែលប្រជាជន កម្ពុជា គ្រប់រូប ទាំងប្រុស ទាំងស្រី បានបាត់បង់ក្នុងថ្ងៃទី ១៧ មេសា កាលពី៣៨ឆ្នាំមុន បានវិលត្រឡប់មកវិញ បន្ទាប់ពី របបប្រល័យពូជសាសន៍ របស់ ប៉ុល ពត ត្រូវបានផ្តួលរំលំ ដោយកងទ័ព រំដោះជាតិ ដែលដឹកនាំ ដោយថ្នាក់ដឹកនាំ របស់គណបក្សប្រជាជន កម្ពុជា បច្ចុប្បន្ន ក្នុងថ្ងៃទី ០៧ មករា ឆ្នាំ ១៩៧៩។

១៧ មេសា បច្ចុប្បន្ន ជាលទ្ធផល នៃកិច្ចប្រឹងប្រែង ស្វែងរកសន្តិភាព និងដំណើរអភិវឌ្ឍន៍ ប្រទេសពីបាតដៃ ទទេ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

១៧ មេសា កាលពី ៣៨ឆ្នាំមុន ប្រជាជនកម្ពុជា ជាពិសេស អ្នកក្រុងភ្នំពេញ បានប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ ដោយភាពភ័យខ្លាច ក្រោមចុងកាណុង របស់យោធាខ្មែរក្រហម និងការជម្លៀសចេញ ពីទីក្រុង ដោយហិង្សា។ ថ្ងៃទី ១៧ មេសា បច្ចុប្បន្ន ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ប្រជាជនខ្មែរ អាចសើចសប្បាយ រាំច្រៀង ជាថ្មីម្តងទៀត ក្នុងឨកាស ប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដោយក្តីរីករាយ ជាពិសេស បងប្អូន ពូមីង លោកតា លោយយាយ គ្រួសារ ដែលបានទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី ស្ថាពរ ដែលជាលទ្ធផល នៃការអនុវត្ត នយោបាយចាស់ សកម្មភាពថ្មី របស់សម្តេចតេជោ។

សម្តេចតេជោ និងលោកជំទាវ ក្នុងឨកាស ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តស្ទឹងត្រែង

មតិយោបល់របស់ប្រិយមិត្ត