អ្នកសម្របសម្រួល ខេត្តកពង់ធំ ពាំនាំ ចំណងដៃ សម្តេចតេជោ ជូនដល់ យុវជនស្ម័គ្រចិត្ត

កំពង់ធំ៖ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៣ ក្រុមសម្របសម្រួល វីរយុវនិស្សិត សម្តេចតេជោ ប្រចាំខេត្តកំពង់ធំ ដឹកនាំដោយ លោក សុគន្ធ វិសាល ជាប្រធាន លោក អ៊ុក ពញ្ញា ជាអនុប្រធាន និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ ក្រុមវិរយុវនិស្សិត សម្តេចតេជោ ក្រុមទី១៥៦ នៅក្នុងភូមិ និមិត្ត ឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ។ នៅក្នុងការជួប សំណេះសំណាលនោះដែរ លោក សុគន្ធ វិសាល បានសួរសុខទុក អំពីស្ថានភាពស្នាក់នៅ របបម្ហូបអាហារ របបទឹក និងបញ្ហាសុខភាព។ ជាងនេះទៅទៀត លោក សុគន្ធ វិសាល ក៏បានធ្វើរការអប់រំ ណែនាំដល់ ក្រុមវិរយុវនិស្សិត សម្តេចតេជោ ក្រុមទី១៥៦ ឱ្យចេះស្រលាញ់ សាមគ្គីគ្នា និងចេះជួយធ្វើ សកម្មភាព ការងារសង្គម ក្នុងមូលដ្ឋាន របស់ក្រុមខ្លួន។ ម្យ៉ាងវិញទៀត លោក វិសាល ក៏បានជំរុញ ទឹកចិត្ត ក្រុមវីរយុវនិស្សិត ឱ្យចេះ យកចិត្តទុកដាក់ខ្ពស់ លើការងារ តាមដាននូវរាល់ ការងារដែល បានធ្វើរួច និងពន្លឿន ការងារ បិទប្រកាស ក្បាលដី ដែលបានវាស់វែង រួចរាល់ ដែលនឹង ត្រូវបិទ នៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៣ ចំនួនមួយភូមិ និង៣ភូមិទៀត នឹងបិទ នៅក្រោយពេល ត្រលប់មកវិញ បន្ទាប់ពីថ្ងៃ ឈប់សំរាក គឺនៅថ្ងៃទី ០១ ឧសភា ឆ្នាំ ២០១៣ តាមផែនការ ដែលមាន។

ទន្ទឹមនឹងនោះផងដែរ ក្រុមការងារ ក៏បានចូលរួមជា កិតិ្តយស ក្នុងពិធី មង្គលការ នៅក្នុងភូមិ ផ្លុង ឃុំទីពោ ស្រុកសន្ទុក របស់ វីរយុវនិស្សិត សម្តេចតេជោ ឈ្មោះ ឡេង ទីន ដែលស្ថិតនៅក្រុម លេខ៨៤ ក្នុងខេត្តកំពង់ធំ ផងដែរ។ លោក សុគន្ធ វិសាល ក៏បាន នាំយកនូវ ថវិការ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ថវិការផ្ទាល់ខ្លួន ចងជាចំណងដៃ ដល់គូរស្វាមីភរិយាថ្មី ក្នុងពិធីរៀបអាពាហ៍ ពិពាហ៍ នោះផងដែរ។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត