គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន

February 11 2013, 0 មតិយោបល់

សម្តេចតេជោ ហ៊ុន សែន ក្នុងឨកាស ចែកប័ណ្ណ នៅខេត្តបន្ទាយមានជ័យ

កិច្ចព្រមព្រៀ ងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឲ្យ គ្រប់ភាគីទាំងអស់ បញ្ឈប់នូវ រាល់ការប្រយុទ្ធគ្នា ដើម្បី ចូលរួមបោះឆ្នោត សកលមួយ ដែលរៀបចំដោយ UNTAC ដើម្បីបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា។ ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ សង្រ្គាមស៊ីវិល មិនត្រូវបាន បញ្ចប់ដូច ការរំពឹងទុក របស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិឡើយ ប៉ុន្តែក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ និងប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ នៅក្នុងកំលុងឆ្នាំ១៩៩៧ ធ្វើឲ្យ រចនាសម្ព័ន្ធចាត់តាំង របស់ពួកខ្មែរក្រហម ត្រូវបានរំលាយ ហើយធ្វើសមាហរណកម្ម ជាមួយរាជរដ្ឋាភិបាល នាំឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍ លើគ្រប់វិស័យ រហូតមកដល់ សព្វថ្ងៃនេះ។ នៅពេលដែល ប្រទេសជាតិ ទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍ គួបផ្សំនឹង កំណើន របស់ប្រជាពលរដ្ឋ កើនឡើង ខ្លាំងផងនោះ ធ្វើឲ្យតម្រូវការ ក្នុងការប្រើប្រាស់ ដីធ្លីកាន់តែមាន ច្រើនឡើង ហើយបញ្ហា ទំនាស់ដីធ្លី ក៏ចាប់ផ្តើម រសើបខ្លាំងឡើង បន្តិចម្តងៗ រហូតដល់សព្វថ្ងៃនេះ។

ដើម្បីធានា សុវត្ថិភាព ក្នុងការកាន់កាប់ ដីធ្លី ការកាត់បន្ថយ ជម្លោះដីធ្លី  និងជំរុញសេដ្ឋកិច្ចជាតិ តាមរយៈ ការគ្រប់គ្រង និងការប្រើប្រាស់ ដីឲ្យមានប្រសិទ្ធភាព និងតុល្យភាព រាជរដ្ឋាភិបាល បានសម្រេច ដាក់ឲ្យអនុវត្តនូវគោល នយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ដោយស្នើឲ្យ យុវនិស្សិត ដែលជាសរសទ្រូង នៃប្រទេសជាតិ សហការ ជាមួយ មន្រ្តីបច្ចេកទេស សុរិយោដី ចុះវាស់វែងដី ធ្លីដើម្បីផ្តល់ កម្មសិទ្ធិជូន ប្រជាពលរដ្ឋ នៅតាមតំបន់ ដែលត្រូវកាត់ចេញ ពីដីព្រៃសម្បទាន សម្បទានដីសេដ្ឋកិច្ច និងដីរដ្ឋ ដែលមាន ដីកាដកហូត ដោយអាជ្ញាធរខេត្ត។ ឆ្លើយតបភ្លាមៗ ចំពោះ ការអំពាវនាវ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា យុវនិស្សិត ជាច្រើន បានដាក់ពាក្យស្ម័គ្រចិត្ត ចូលរួម ក្នុងបេសកម្ម ជាប្រវត្តិសាស្រ្តនេះ។ នៅក្នុង បេកសកម្ម ជំហានទី១ ចាប់ពី ខែ មិថុនា ឆ្នាំ ២០១២ រហូតដល់ ខែ ធ្នូ ឆ្នាំ ២០១២ យុវនិស្សិតស្ម័គ្រចិត្ត ចំនួន ២១១៦នាក់ ដែលបែងចែកជា ១៦៨ក្រុម ត្រូវទៅបំពេញបេសកកម្ម តាមខេត្តគោលដៅ ចំនួន២០ នៅក្នុង ព្រះរាជាណាចក្រ កម្ពុជា រួមមាន : បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ពោធិសាត់ ព្រះវិហារ កំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ស្វាយរៀង តាកែវ កំពត កែប កំពង់សោម កោះកុង កំពង់ស្ពឺ និងកំពង់ឆ្នាំង។

សកម្មភាព យុវជន បំពេញការងារ នៅខេត្តសៀមរាប

ក្រុមយុវនិស្សិតស្ម័គ្រចិត្ត ទាំងអស់ ត្រូវធ្វើដំណើរ គ្រប់ច្រកល្ហក និងឆ្ងាយដាច់ស្រយាល ដោយជួប ប្រទះនូវ ផ្លូវលំបាក ស្មុគស្មាញ ពិបាក ក្នុងការធ្វើដំណើរ  អាកាសធាតុក្តៅនិងត្រជាក់ខ្លាំង និងការលំបាក ផ្សេងៗទៀត ដែលអ្នកខ្លះ មិនធ្លាប់ បានជួបប្រទះ ក្នុងជីវិត របស់ពួកគេ។ អាស្រ័យដោយ ការចូលរួម សហការ របស់ប្រជាជន  កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ ព្រមទាំង ការជួយឧបត្ថម្ភ គាំទ្រ គ្រប់បែបយ៉ាង ពីសំណាក់ ថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលៗរបស់ជាតិ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ជាពិសេស ការយកចិត្តទុកដាក់ ពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែ គិតគូរអំពី សុខទុក្ខ និងការលំបាក គ្រប់បែបយ៉ាង និងគ្រប់ពេលវេលា ដល់យុវជនស្ម័គ្រចិត្ត  រឹតតែធ្វើឲ្យ ក្រុមយុវនិស្សិតស្ម័គ្រចិត្ត ទាំងអស់ កាន់តែមាន កម្លាំងចិត្ត និងមានឆន្ទៈ មុះមុត ខ្លាំងក្លាថែមទៀត ហើយប្តេជ្ញាថា នឹងខិតខំប្រឹងប្រែង អនុវត្ត ឲ្យបានសម្រេចនូវ បេសកកម្មនេះ ដើម្បីឲ្យ សក្តិសម ទៅនឹង ការជឿទុកចិត្ត និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ និងប្រជាជន។ នៅពេលដែល យុវនិស្សិតស្ម័គ្រចិត្ត បានចុះបំពេញ បេសកកម្ម វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋនេះ គេតែងសង្កេត ឃើ់ញថា ពួកគេសុទ្ធតែ ទទួលបាន នូវការកោតសរសើរ និងការស្រឡាញ់ រាប់អាន ពីសំណាក់ ប្រជាជន គ្រប់ទិសទី ព្រោះថា ក្រៅពី ការបំពេញការងារ នៅពេល ទំនេរ ក្រុមយុវនិស្សិតស្ម័គ្រចិត្ត តែងតែ បំពេញ សកម្មភាពផ្សេងៗ ដែលផ្សារភ្ជាប់ ទៅនឹង ការលំបាក របស់ ប្រជាជន ក្នុងមូលដ្ឋាន ដូចជា ជួយលើកផ្លូវ ធ្វើស្ពាន សង់ផ្ទះ ស្នើសុំសាលារៀន ពីរាជរដ្ឋាភិបាល ចុះជួយ ដកស្ទូង និងច្រូតកាត់ស្រូវ ជូនប្រជាជន ស្នើសុំ ផ្ទះទេវតា ជូនទុរគតជន ចាស់ជរា ចែករំលែក និងបរិច្ចាគនូវ ធនធានផ្ទាល់ខ្លួន បន្តិចបន្តួច ជូនដល់ ទុរគតជន ទីទាល់ក្រ ដែលជួប ការលំបាក ក្នុងឆាកជីវិត និងសកម្មភាព សង្គម ជាច្រើនទៀត ដែលសកម្មភាព ទាំងនោះ បានបង្កើតនូវ មនោសញ្ចេតនា និងអនុស្សាវរីយ៍ ដ៏ល្អ និងមិនអាច បំភ្លេចបាន ក្នុងទឹកចិត្ត របស់ ប្រជាជន។

សកម្មភាព យុវជនបំពេញការងារ នៅខេត្តសៀមរាប

រយៈពេល ០៦ខែ នៃកា រអនុវត្ត បេសកម្មជំហានទី១ ក្រុមមន្រ្តីបច្ចេកទេស និងក្រុមយុវនិស្សិតស្ម័គ្រចិត្ត បានវាស់វែង ដីធ្លី ជូនប្រជាជន បានចំនួន ៣៤ម៉ឺនក្បាលដី ស្មើនឹង ទំហំ៥៥ម៉ឺនហិកតា ហើយគិតមកដល់ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញ ជាអធិបតី ក្នុងពិធី សំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ គ្រប់ខេត្ត គោលដៅ ទាំង២០ រួចរាល់ហើយ ហើយបណ្ណ ដែលនៅសេសសល់ គឺប្រគល់ជូនថ្នាក់ដឹកនាំ ដ៏ទៃទៀត ធ្វើពិធីចែកបណ្ណ ជូនប្រជាពលរដ្ឋ ជាបន្តទៀត។ គេបានសង្កេត ឃើញថា ចាប់តាំង ពីពេលដែលយុវជន បានចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ រហូតមកដល់ សព្វថ្ងៃនេះ បញ្ហាជម្លោះ ដីធ្លី ពាក់ព័ន្ធនឹង ដីព្រៃសម្បទាន សម្បទានដីសេដ្ឋកិច្ច និងដីរដ្ឋ ដែលមាន ដីកាដកហូត របស់អាជ្ញាធរខេត្ត ដែលបានដាក់ពាក្យប្តឹង ទៅអាជ្ញាធរ មានសមត្ថកិច្ច ក៏ដូចជាតាម រយៈអ្នក តំណាងរាស្រ្ត  មានការថយចុះ ជាអតិបរមា គួរឲ្យកត់សម្គាល់។ ក្រោយពេលដែល បេសកម្មចុះវាស់វែងដីធ្លី ចប់សព្វគ្រប់ គួបផ្សំនឹង ទិសដៅ របស់រាជរដ្ឋាភិបាល ដែលគ្រោង នឹងផ្តល់ដីសម្បទាន ដីសង្គមកិច្ច ផងនោះ ប្រជាជន នឹងលែង ខ្វះខាតដីធ្លី សម្រាប់ ប្រកបរបរ ចិញ្ចឹមជីវិត ទៀតហើយ ហើយក្នុង រយៈពេលខ្លីខាងមុខនេះ សន្ទុះ នៃកំណើនសេដ្ឋកិច្ច នៅជនបទ នឹងងើបស្ទុះឡើង យ៉ាងលឿន ដែលធ្វើឲ្យ ប្រាក់ចំណូល របស់ប្រជាជន កើងឡើង ខ្លាំង។

យុទ្ធនាការនេះ  មិនគ្រាន់ តែទទួលបាននូវការ អបអរសាទរ ពីប្រជាពលរដ្ឋ ដែលជា អ្នកទទួល   បណ្ណកម្មសិទ្ធិដីធ្លី ប៉ុណ្ណោះទេ តែក៏ទទួលបាន នូវការគាំទ្រ ពីប្រជាជន ទូទាំងប្រទេស និងពីគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមផងដែរ លើកលែង តែជនអគតិ ជ្រុលនិយម មួយក្តាប់តូច ប៉ុណ្ណោះ ដែលតែងតែ ប្រឆាំង ជានិច្ចរាល់ សកម្មភាព របស់ រាជរដ្ឋាភិបាល ដើម្បីតែចង់ ចំណេញ ផ្នែកនយោបាយ និងប្រជាប្រិយភាព ផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយពួកគេ បានបំផុស ប្រជាជនថា ការចុះវាស់វែងដីធ្លីនេះ គឺដើម្បី យកពន្ធដីធ្លី ពីប្រជាជន ហើយក៏បាន ចោទប្រកាន់ រាជរដ្ឋាភិបាល ផងដែរថា ការចាត់ឲ្យ ក្រុមយុវជន ចុះវាស់វែងដីធ្លី គឺដើម្បីតែប្រជាប្រិយភាព របស់ គណបក្ស កាន់អំណាច សម្រាប់ ការបោះឆ្នោតសកល ឆ្នាំ ២០១៣ តែប៉ុណ្ណោះ។ ពិតណាស់ យុទ្ធនាការ នៃការអនុវត្ត នូវនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លីនេះ គឺជា ជំហានថ្មីមួយទៀត នៃការកែទម្រង់ ដីធ្លី ដែលមានលក្ខណៈ ស៊ីជម្រៅ ដើម្បីដោះស្រាយ នូវស្ថានភាព នៃការកាន់កាប់ ដីធ្លី ឲ្យមាន សុវត្ថិភាពរឹងមាំ ធ្វើឲ្យកសិករ មានដីកសិកម្ម ដើម្បីធ្វើអាជីវកម្ម លើកកម្ពស់ កម្រិត ជីវភាពរស់នៅ ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញ កំណើន សេដ្ឋកិច្ចជាតិ។

មតិយោបល់របស់ប្រិយមិត្ត