ឯកឧត្តម សុខ​ អាន តំណាងឲ្យ សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចែកប័ណ្ណកម្មសិទ្ធិ ដីធ្លី នៅខេត្តតាកែវ

November 30 2012, 0 មតិយោបល់

តាកែវ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ កន្លងមកនេះ។

ក្នុងសន្ទរកថា ក្នុងពិធីចែកបណ័្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅខេត្តតាកែវនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានដកស្រង់របាយការណ៍ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថាលទ្ធផល នៃការអនុវត្តបទបញ្ជា០១ របស់រាជរដ្ឋាភិបាល ស្តីវិធានការ ពង្រឹង និងបង្កើងប្រសិទ្ធិភាព នៃការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ច នៅទូទាំងប្រទេស គិតចាប់ពីថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១២ មកដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០១២ គឺ៖ បានបំពេញ សលាកបត្រក្បាលដី បានចំនួន ២៦៦.៨៨៨ក្បាលដី កត់ក្នុងសម្រង់ បញ្ជីឈ្មោះម្ចាស់ដី បានចំនួន ១៩៩.៥៩៩ក្បាលដី គូរក្បាលដីបានចំនួន ១៦៧.១៥១ក្បាលដី បំពេញទំរង់ បែបបទក្បាលដី បានចំនួន ១៥៣.៥៣៤ក្បាលដី និងបិទផ្សាយជាសាធារណៈ បានចំនួន ៣០.៣៨២ក្បាលដី។

ដោយឡែកនៅខេត្តតាកែវ ការអនុវត្ត គោលនយោបាយចាស់ សកម្មភាពថ្មី គ្របដណ្តប់ឃុំ ចំនួន ១២ នៃស្រុកគីរីវង់ និងស្រុកត្រាំកក់ ហើយជាលទ្ធផល ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានចែកប័ណ្ណកម្មសិទ្ធិ ចំនួន ៣៩៩ក្បាលដី ទំហំសរុប ៩០,៩១ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៣០១គ្រួសារ រស់នៅក្នុងភូមិចំនួន៤ គឺភូមិក្រសាំងពុល ភូមិស្លា ភូមិតាអូរខាងជើង និងភូមិជាវប្តី ខាងកើត ដែលសមិទ្ធិផលនេះ ផុសចេញ ពីស្នាដៃ របស់ក្រុម វិរៈយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៩៣ និងក្រុមបច្ចេកទេស វាស់វែងដីធ្លី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងនាម សម្តេចតេជោ នាយករដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីជំនាញពាក់ព័ន្ធ អជ្ញាធរ ស្ថាប័ន និងកងកម្លាំងមូលដ្ឋាន ដែលពាក់ព័ន្ធ ដែលបាន យកចិត្តទុកដាក់ អនុវត្តតួនាទី រៀងៗខ្លួន ដើម្បីធ្វើឲ្យដំណើរការ វាស់វែងដីធ្លីនេះ ប្រព្រឹត្តទៅ ដោយជោគជ័យ។ ឯកឧត្តម ក៏បាន កោតសរសើរ ចំពោះ ឆន្ទៈ និងការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ របស់យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ទាំងអស់ ដែលបានលះបង់ ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ដើម្បីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។ ឯកឧត្តម ក៏មានការកោតសរសើរ យ៉ាងខ្លាំង ដល់មាតាបិតា របស់យុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានអនុញ្ញាត និងផ្តល់លទ្ធភាព ឲ្យកូនចៅចូលរួមបំពេញបេសកកម្មនេះ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ក៏បានលើកឡើងថា ការចែកជូន ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅពេលនេះ ឆ្លុះបញ្ចាំឲ្យឃើញ ពីការយកចិត្តទុកដាក់ ខ្ពស់របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការធានា កម្មសិទ្ធិដីធ្លី ស្របច្បាប់ របស់ប្រជាពលរដ្ឋ សំដៅ លើកកម្ពស់ ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែក ដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ ការផ្តល់កម្មសិទ្ធិដីធ្លីនេះ នឹងលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ខិតខំបង្កើន ផលិតភាព និងការវិនិយោគ កាន់តែខ្លាំងថែមទៀត ក្នុងវិស័យកសិកម្ម។ ទន្ទឹមពេល ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រ ដ៏សមស្រប សម្រាប់អភិវឌ្ឍ សមត្ថភាព របស់ប្រជាកសិករ និងអភិវឌ្ឍ វិស័យកសិកម្ម ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះ ការកសាង ប្រព័ន្ធធារាសាស្ត្រ និងការផ្តល់សេវាគាំទ្រ នានា ព្រមទាំង គោលនយោបាយ អភិវឌ្ឍជនបទ សំដៅ បង្កើតឨកាស ឲ្យកាន់តែប្រសើរ ជូនប្រជាពលរដ្ឋជនបទ ក្នុងការបង្កើន ចំណូលគ្រួសារ។

ក្នុងឨកាសនោះ ឯកឧត្តម ក៏បានរំលឹកដែរថា ក្រោយរបបប្រល័យពូជសាសន៍ កម្មសិទ្ធិដីធ្លី ត្រូវបានបាត់បង់ ទាំងស្រុង។ រដ្ឋាភិបាល បានអនុវត្តគោលការ ផ្សេងៗ ទាក់ទងនឹងដីធ្លី ដើម្បីទប់ស្កាត់ការវិលមកវិញ នៃរបបប្រល័យពូជសាសន៍ ដូចមានការអនុវត្ត គោលនយោបាយ ផ្តល់របបដី ជូនប្រជាពលរដ្ឋ ដើម្បីបង្កបង្កើនផល។ មកទល់សព្វថ្ងៃនេះ រដ្ឋាភិបាល បានអនុវត្ត គោលនយោបាយ កំនែទម្រង់ ដីធ្លី ចំនួន៤វគ្គ។ វគ្គទី១ ក្នុងទសវត្សរ៍ ១៩៨០ រដ្ឋាភិបាល បានយកចិត្ត ទុកដាក់ លើកម្មសិទ្ធិដីធ្លី ដោយចេញ លិខិតស្នាម រដ្ឋាបាល និងប័ណ្ណភោគៈ ជូនប្រជាពលរដ្ឋ។ វគ្គទី២ នៅចន្លោះ ឆ្នាំ ១៩៩១ ដល់ ១៩៩៣ និង វគ្គទី៣ នៅឆ្នាំ ១៩៩៨។ វគ្គទី៤ នៅឆ្នាំ ២០១២នេះ រាជរដ្ឋាភិបាល បានអនុវត្ត គោលនយោបាយចាស់ សកម្មភាពថ្មី ដែលជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត កម្ពុជា មានការចូលរួម ពីសំណាក់ យុវជនស្ម័គ្រចិត្ត ក្នុងការវាស់វែងដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ រស់នៅតាម បណ្តាខេត្ត ដែលកំពុង កាន់កាប់ ដីជាក់ស្តែង ប៉ុន្តែមិនទាន់ ស្របច្បាប់នៅឡើយ ហើយស្ថិតនៅក្នុង មុខសញ្ញាដី បីប្រភេទ គឺដីរដ្ឋ ក្នុងសម្បទាន ដីសេដ្ឋកិច្ច ដីរដ្ឋ ក្នុងសម្បទាន ព្រៃឈើ និងដីរដ្ឋ ដែលត្រូវបាន កាន់កាប់ ដោយមាន ដីកា ដកហូត។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត