យុវជនស្ម័គ្រចិត្ត សម្ដេចតេជោ គោលដៅ បន្ទាយមានជ័យ ភ្ជាប់សាច់ឈាម នឹងកូនក្រមុំ អ្នកភូមិធ្លក

អត្ថបទ៖ ទូរទស្សន៍បាយ័ន ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនទី២ នៃយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ ហ៊ុន សែន ក្រុមទី៦០ គោលដៅ ខេត្តបន្ទាយមានជ័យ បានភ្ជាប់សាច់ឈាម នឹងកូនក្រមុំ អ្នកភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ជាទីដែល ពួកគេ បំពេញការងារ ពីដំបូង នៃការវាស់វែង ចុះបញ្ជីដីធ្លី និងធ្វើប័ណ្ណកម្មសិទ្ធិដី ជូនពលរដ្ឋ តាមបទបញ្ជា លេខ០១ ប.ប របស់ រាជរដ្ឋាភិបាល និងអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន លើគោលនយោបាយចាស់ សកម្មភាពថ្មី លើកំនែ ទម្រង់ ដីធ្លី ។

យុវជនទី២ នេះ ឈ្មោះ អ៊ឹម វាសនា អាយុ៣០ឆ្នាំ សមាជិកក្រុមទី៦០ លំនៅដើម ភូមិត្រពាំងខ្លា ឃុំភ្នំកុងស្រុកអង្គជ័យ ខេត្តកំពត ជាកូនទី៣ ក្នុងចំណោម បងប្អូន៥នាក់ របស់ឪពុកឈ្មោះ អ៊ឹម ឈឺន , ម្ដាយឈ្មោះ អ៊ុន សារ៉េត ជាកសិករ។ គូដណ្ដឹង របស់គេ ឈ្មោះ ស្រិប សុគីម អាយុ២៣ឆ្នាំ ជាកូនស្រីពៅ របស់ឪពុក ឈ្មោះ ស្រិប ញ៉ូវ និង ម្ដាយឈ្មោះ កែប គយ មានជីវភាពមធ្យម។ អ៊ឹម វាសនា រៀនបាន បរិញ្ញាប័ត្ររង ស៊ីវិល នៅវិទ្យាស្ថានបច្ចេកទេសព្រះកុសុមះ , ទឹកថ្លា រាជធានីភ្នំពេញ ។

យុវជន និងនារីនេះ ផ្ដើមស្នេហានឹងគ្នា ពេលជួបគ្នាដំបូងៗ ពេលផ្ដើមវាស់វែងដីធ្លី ជូនពលរដ្ឋ ដែលប៉ះពាល់ នឹងដីសម្បទាន សេដ្ឋកិច្ច និង តំបន់ការពារទេសភាព បន្ទាយឆ្មារ កាលពីខែមិថុនា ២០១២ នៅនឹងវត្តធ្លក ជាទីប្រជុំ និងបិទផ្សាយ ឯកសារវិនិច្ឆ័យ ជាសាធារណៈ នូវទិន្នន័យ ចុះបញ្ជី ដីធ្លី លក្ខណៈ ជាប្រព័ន្ធ ។

ជាមួយនឹងភ្ញៀវ ប្រមាណ ២០០ នាក់ ក្នុងរោង និងផ្ទះឈើ២ជាន់ ប្រក់ក្បឿង កណ្ដាល ភូមិធ្លក ក្នុងពិធីឯកជន បែបប្រពៃណីចំនួន ៣ គឺ ពិធីចែចូវ ពិធីស្ដីដណ្ដឹង និងភ្ជាប់ពាក្យនោះ មាន ឯកឧត្តម អ៊ុង អឿន អភិបាលខេត្ត , លោក ទ្រី ណារិន អភិបាលរងខេត្ត , លោក លី សារី ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត , លោក ប្លែក វារី អភិបាលស្រុកថ្មពួក , លោក យ៉ត រ៉ាយ អធិការ នគរបាលស្រុក និងមន្រ្តីយោធា នគរបាល , មន្រ្តីអាជ្ញាធដែនដី , មន្រ្តីបច្ចេកទេស មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី។ មិត្ត សាច់ញាតិខាងស្រី បានចូលរួម តែឪពុកខាងប្រុស ឈឺនិងម្ដាយ ត្រូវនៅថែជម្ងឺ ពុំបានចូលរួមទេ។

មេបា ខាងកូនកម្លោះ អ៊ឹម វាសនា គឺ លោក រុន តូ តំណាង យុវជនស្ម័គ្រចិត្ត សម្ដេចតេជោ គោលដៅ ខេត្តបន្ទាយមានជ័យ , លោក សួន សុភា ប្រធានក្រុម ទី៦០ នៃយុវជននេះ ។

នេះជាលើកទី២ ដែលយុវជន សម្តេចតេជោ ភ្ជាប់ពាក្យ ជាមួយ កូនអ្នកស្រុក បន្ទាប់ពី យុវជនស្ម័គចិត្ត យ៉ន ថុល អនុក្រុមទី៦០ ចែចូវ ស្ដីដណ្ដឹង និងភ្ជាប់ពាក្យ ជាមួយកូនក្រមុំ ឈ្មោះ សឺន សៅលី អាយុ១៩ឆ្នាំ កូនក្រមុំអ្នកធ្លកដែរ ។

ឯកឧត្តម អ៊ុង អឿន , លោក ទ្រី ណារិន បានជូនពរជ័យ សិរីសួស្តី សុភមង្គល ស្រឡាញ់គ្នា ចាស់ព្រឹទ្ធចាស់ព្រេង តទៅ ដល់គូដណ្ដឹង នេះ ។ ឯ គូដណ្ដឹង និងញាតិមិត្ត ចូលរួមពិធី មានក្ដីសប្បាយរីករាយ យ៉ាងខ្លាំង ក្នុងក្ដីសង្ឃឹម នៃពន្លឺជីវិត ។

អ៊ឹម វាសនា ក៏អរគុណ ពុំអាច បំភ្លេចបាន ចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលយកចិត្ត ទុកដាក់ ឧបត្ថម្ភខ្លួន និងយុវជនស្ម័គ្រចិត្ត និងសាទរ ចំពោះការ កសាងគ្រួសារថ្មីនេះ ហើយ សម្ដេចតេជោ ខណៈ សំណេះសំណាល និងចែកប័ណ្ណដី ដល់ពលរដ្ឋ ១.០៩៨ប័ណ្ណ កាលពីថ្ងៃទី ៧ តុលា ២០១២ នៅវិទ្យាល័យបន្ទាយឆ្មារ ក៏បានផ្ដល់ មនោសញ្ចេតនា សិទ្ធស្នាល កក់ក្ដៅ និងយ៉ាងសាមញ្ញ ដល់ខ្លួន និង ដល់ យ៉ន ថុល ដោយផ្ដល់ថវិកាម្នាក់ ១,៥ លានរៀល សម្រាប់ទិញផ្លែឈើ និងផ្កា ភ្ជាប់ពាក្យ។ អរគុណដល់ អភិបាល អភិបាលរងខេត្ត មន្រ្តីថ្នាក់ដឹកនាំ អាជ្ញាធរដែនដី កងកម្លាំង និងជំនាញពាក់ព័ន្ធ ។

ពិធីទាំងបី មានវត្តមាន ឯកឧត្តម អ៊ុង អឿន អភិបាលខេត្ត លោក ទ្រី ណារិន អភិបាលរងខេត្ត , លោក លី សារី ប្រធានមន្ទីររៀបចំដែនដីខេត្ត លោក ប្លែក វារី អភិបាលស្រុក និង សហការី ដែលមកចូលរួម ជាសាក្សី និងមហាភ្ញៀវកិត្តិយស ។

ក្នុងនោះ លោក ទ្រី ណារិន , លោក លី សារី , លោក ប្លែក វារី បានចុះជាប់នឹងការងារក្រុម ការងារស្នូល រហូតដល់ រឿងឯកជន ផ្ទាល់ខ្លួន ក្នុងមនោសញ្ចេតនា រាប់អានដ៏កក់ក្ដៅ។ ពិសេស បានរៀបចំ និងឧបត្ថម្ភ សម្រាប់ ពិធីចែចូវ ស្ដីដណ្ដឹង ភ្ជាប់ពាក្យ និងរៀបការ យុវជនស្ម័គ្រចិត្ត ថែមទៀត ។

វាសនា និង នាង សុគីម នឹងរៀបការ នៅថ្ងៃទី ១៥ ធ្នូ ២០១២ ខាងមុខ ឬក្រោយ ការរៀបការ របស់ យ៉ន ថុល ៦ ថ្ងៃគឺ ថ្ងៃទី ៩ ធ្នូ ២០១២ ។

គួររំលឹកថា ក្នុងការថ្លែង បែបមនោសញ្ចេតនា សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ចាត់ទុក យុវជនស្ម័គ្រចិត្ត ទុកដូចជាកូនចៅ និងជាការសាយ វង្សត្រកូល សម្ដេច និងប្រជាជាតិខ្មែរដែរ ៕

1 មតិយោបល់

  1. RisNa 27/03/2013 at 7:18 AM - Reply

    The purachses I make are entirely based on these articles.

មតិយោបល់របស់ប្រិយមិត្ត