យុវជនស្ម័គ្រចិត្ត សម្តេចតេជោ និងការងារ សហគមន៍

កំពង់ឆ្នាំង៖ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ បំពេញ ការងារ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ជាពិសេស តែងតែ ឆ្លៀតពេលទំនេរ ពីការបំពេញ ការងារស្នូល របស់ខ្លួន ដើម្បីធ្វើការងារ បំរើសហគមន៍ ដែលក្រុម នីមួយៗប្រចាំការ។ ឧទាហរណ៍ យុវជនស្ម័គ្រចិត្ត សម្តេចតេជោ ប្រចាំខេត្តកំពង់ឆ្នាំង បានចូលរួម យ៉ាងសកម្ម ជួយការងារ ផ្សេងៗជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍។

បើតាម ការរាយការណ៍ ពីសំណាក់ ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមទី ៩០ បានឲ្យដឹងថា កាលពី ខែសីហា ឆ្នាំ២០១២ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចអគ្គតេជោ ហ៊ុន សែន ក្រុមទី៩០ ឈរជើង នៅក្នុង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននាំយក អំណោយ មួយចំនួន ចែកជូនដល់ គ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះ ស្ថិតនៅក្នុង ភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គ្រួសាររងគ្រោះ ដោយភ្លើងឆេះផ្ទះនេះ មានឈ្មោះ កែវ សារឿន ភេទប្រុស ជាប្តី និងឈ្នោះ ស៊ុន សុន ភេទស្រី អាយុ៥៦ឆ្នាំ ជាភរិយា។ ដោយសារតែឃើញ ជីវភាព ទីទាល់ក្រ ហើយត្រូវជួបគ្រោះ បែបនេះទៀត ក្រុមយុវជន ក្រុមទី៩០ ក្រោមការ ដឹកនាំ របស់ លោក អួង វិរៈ ដែលជា ប្រធានក្រុម ក៏បាន ចុះសួរសុខទុក្ខ និងនាំអំណោយ មួយចំនួនដូចជា៖ អង្ករមួយបាវទំងន់២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ចំនួនមួយយួរ ទឹកត្រី  ចំនួនពីរដប ត្រីខ ចំនួនពីរយួរ មីចំនួនពីរកេស និងថវិការ៥ម៉ឺនរៀល។

គ្រឿងឧបភោគបរិភោគ និងថវិការនេះ មានចំនួន តិចតួច មែនពិត តែអាច ជួយសម្រាល ដល់ការលំបាក និងភាពទីទាល់ របស់ ពួកគាត់ បានមួយគ្រាដែរ ពិសេសទៅទៀតនោះ គឺបង្ហាញ ពីទឹកចិត្តសប្បុរស និងការយកចិត្ត ទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋ លើសពីនេះទៅទៀត បានសរ អោយឃើញថា យុវជនសម្តេចតេជោ មិនត្រឹមតែ ចុះវាស់វែងដី តែប៉ុណ្ណោះទេ តែបានឃើញ ការលំបាកសព្វបែបយ៉ាង របស់ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

បើយោងតាមការ ផ្តល់ដំណឹង ដោយ ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមទី៩១ ឈរជើង នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមនេះ បានចូលរួម សកម្មភាព ជួយសហគមន៍ ដូចជា ជួយឧបត្ថម្ភគ្រួសារក្រីក្រ និងមានជំងឺប្រចាំកាយ គ្រួសារ លោក ខ្លាំង បូ និង លោកស្រី សែម សក នៅភូមិក្រាំងកកោះ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមមានដូចជា៖ អង្ករមួយបាវ ត្រីខពីរយួរ មីបីកេស ទឹកស៊ីអ៊ីវមួយយួរ និងថវិការ ចំនួន៥ម៉ឺនរៀល។

យុវជនស្ម័គ្រចិត្ត ក្រុមទី៩១ ក៏បានបន្ត សកម្មភាព ជួយស្ទូងគ្រួសារ លោកយាយ ឈឹម ប៉ុន អាយុ៧៥ឆ្នាំ ដែលរស់នៅជាមួយ កូនម្នាក់ ដោយពិនិត្យឃើញថា គ្រួសារលោកយាយ ខ្វះខាត កម្លាំងពលកម្ម ហើយក្រុមយុវជន ក៏បាន ជូនថវិការ ចំនួន ៤ម៉ឺនរៀល និងរបស់ហូបចុក មួយចំនួន ដល់គ្រួសារ លោកយាយផងដែរ។

ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក៏បាន ប្រគេនទេយ្យទាន ព្រះសង្ឃ គង់ចាំវស្សា នៅវត្តក្រពុំឈូក ហៅវត្ត អញ្ចាញរូង ស្ថិតនៅ ភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមមាន៖ មីបីកេស ទឹកក្រូចមួយកេស ត្រីខបីយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធមួយយួរ និងបច្ច័យ ចំនួន ៧ម៉ឺនរៀល ព្រមទាំងបាន ដាំឈើទាល នៅក្នុងវត្ត ទុកជាអនុស្សាវរីយ៍ ផងដែរ។

ជាងនេះទៅទៀត ក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក៏បានជួយបង្រៀន ភាសាអង់គ្លេស ដល់ប្រជាពលរដ្ឋ និងកូនចៅប្រជាពលរដ្ឋ នៅសាលបឋមសិក្សា អញ្ចាញរូង បានរយះពេល ២ខែ និង១៥ថ្ងៃ ចាប់តាំងពី ខែ សីហា ឆ្នាំ ២០១២ មក ដោយទទួល សិស្សបានចំនួន ១០៧នាក់ ដោយបែងចែក ជាពីរកំរិតថ្នាក់ គឺកំរិតទាបមួយថ្នាក់ និងកំរិតខ្ពស់មួយថ្នាក់។

 

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត