សម្តេចតេជោ៖ គោលនយោបាយ ដីធ្លី មិនមែន ជារឿងថ្មី សម្រាប់ សម្តេច និង គណបក្សប្រជាជន នោះទេ

អត្ថបទ៖ នូ មៈនេត្រអាថាណ្ណា

កំពង់ចាម៖ នៅក្នុងពិធីផ្តល់ ប័ណ្ណកម្មសិទិ្ធដីធ្លីស្ថាពរ ជូនដល់ប្រជាពលរដ្ឋ ចំនួន ១០៥៧ គ្រួសារ ដែលស្មើនឹង ទំហំផ្ទៃដី ១៧៨៩២ ហិកតានៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើង បញ្ជាក់ សារជាថ្មី ម្តងទៀតថា ការ គិតគូរដល់ ការកែទំរង់ ដីធ្លីមិនមែន ជារឿងថ្មីទេ សំរាប់ សម្តេច ព្រោះចាប់តាំងពី លោកដឹកនាំ ប្រទេសកម្ពុជា តាំងពីខែមករា ឆ្នាំ ១៩៨៥ មកនោះ កិច្ចការដំបូង ជាអាទិភាព របស់ សម្តេច គឺកែទំរង់ដីធ្លី។ សម្តេច ក៏បានបញ្ជាក់ ផងដែរថា រឿងដីធ្លីនេះ ក៏មិនមែន ជារឿងថ្មីរបស់ គណបក្សប្រជាជន ផងដែរ។ ការលើកឡើង បែបនេះ ក៏ជាការឆ្លើយតប ទៅនឹងមតិអគតិ មួយចំនួន ដែលបាន លើកឡើង បង្អាប់ គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលមាន ក្រុមយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ដោយក្នុងនោះ គេលើកឡើងថា សកម្មភាពនេះ គ្រាន់តែ ជាការយកចំណេញ មុនពេល បោះឆ្នោតតែប៉ុណ្ណោះ ក្រោយបោះឆ្នោតហើយ នឹងមាន ការប្រមូលយក ដីពីប្រជាជន មកវិញ។

ជាក់ស្តែង ការអនុវត្ត គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ដែលបាន និងកំពុង អនុវត្ត យ៉ាងសកម្មនេះ គឺជាផ្នែកមួយ ដែលបាន ចូលរួម អនុវត្ត កម្មវិធី នយោបាយ យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល បន្ទាប់ ពីមាន ការកែទំរង់ ដ៏ស៊ីជំរៅ លើវិស័យ ជលផល ហើយ សកម្មភាពនេះ ត្រូវបានទទួល ការពេញចិត្ត និងគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស អោយរួចផុត ពីទុក្ខលំបាក នានា ផងដែរ។

កញ្ញា ម៉ារី ដែលជា ប្រជាជនម្នាក់ រស់នៅ ភូមិមាឃ ស្រុកស្ទឹងត្រង់ មានផ្ទៃដី លំនៅឋាន ទំហំ ៨x៧០ ម បានទទួល ការវាស់វែង និងបានមកចូលរួម នៅក្នុង ពីធី ប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លីជាស្ថាពរ ជូនដល់ ប្រជាពលរដ្ឋ កាលពី ព្រឹកថ្ងៃទី ១៣ តុលា នៅស្រុកស្ទឹងត្រង់នោះ បានបញ្ជាក់ ពីចំណាប់អារម្មណ៍ សប្បាយរីករាយ និងត្រេកអរ ចំពោះ ការទទួលបាន ប្លង់កម្មសិទិ្ធដីធ្លីនេះ ព្រោះថា កាលពីមុនមក នាងមិននឹកស្មានថា នឹងមានការវាស់វែង បែបនេះកើតឡើងនៅ តំបន់ ដែលនាង រស់នៅនោះទេ។

មិនខុសគ្នាពី ម៉ារី កញ្ញា កូលាប ដែលជា ប្រជាជន រស់នៅស្រុកស្ទឹងត្រង់ដែរនោះ បានបញ្ជាក់ពី អារម្មណ៍ រំភើប ទៅលើ ប្លង់កម្មសិទិ្ធដីធ្លី ដែលនាង ទទួលបាន នៅថ្ងៃនេះ ហើយក៏បាន ថ្លែងអំណរគុណ ដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន បង្កើត គោលនយោបាយ នេះឡើង។

លោក ស្លេះ យូសុះ ជនជាតិអ៊ីស្លាម បានបង្ហាញ ស្នាមញញឹម និងត្រេកអរ ចំពោះ ប្លង់កម្មសិទ្ធិដីធ្លី ដែល លោក ទទួលបាន ហើយ លោក ក៏បានបួងសួង ដល់ ព្រះឥឡស់ របស់ សាសនាអ៊ីស្លាម អោយតាម ថែរក្សា សម្តេចតេជោ ដើម្បី ដឹកនាំប្រទេសជាតិ តទៅទៀត។ គួរកត់សំគាល់ផងដែរ សំរាប់ ខេត្តកំពង់ចាម ការវាស់វែងដីធ្លី ដោយយោងតាម គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លីនេះ មានតំបន់ ដែលត្រូវ ប្រតិបត្តិការមាន ៨ ស្រុក ដែលស្មើនឹង ទំហំផ្ទៃដី ១៣៨ ៨១៣ ហិកតា ពាក់ព័ន្ធ ប្រជាជន ចំនួន ២៥ ៦៧៤ គ្រួសារ។

អ្នកអាចនឹងចូលចិត្តអត្ថបទទាំងនេះផងដែរ

មតិយោបល់របស់ប្រិយមិត្ត